Monday, January 27, 2014

ជីវប្រវត្តិ លោកអាប្រាហាំ លីនកុន (ប្រធានាធិបតីដែលលុបបំបាត់ទាសភាពនៅអាមេរិក)


លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គេ​ចារ​ឈ្មោះ​​ថា​​ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក។ លោក​គឺ​ជា​ប្រធានាធិបតី ដែល​បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​ឆ្លងកាត់​សង្រ្គាម និង​វិបត្តិ​ធម្មនុញ្ញ​ដ៏​ធំបំផុត​មួយ​ ក្នុង​ប្រវត្តិ​របស់​អាមេរិក ក៏ប៉ុន្តែ រក្សា​បាន​នូវ​ភាព​រួបរួម​នៃ​បណ្តា​រដ្ឋ​អាមេរិក។ លោក​ក៏​ត្រូវ​បាន​គេ​ចារ​ឈ្មោះ​ទុក​ផងដែរថា​ជា​ប្រធានាធិបតី ដែល​បាន​បិទបញ្ចប់​ការ​ប្រើ​មនុស្ស​ជា​ទាសករ នៅ​ក្នុង​ទឹកដី​អាមេរិក។
អាប្រាហាំ លីនកុន កើតនៅ​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​១៨០៩ នៅ​ក្នុង​រដ្ឋ Kentucky។ ដោយសារ​ត្រូវ​ប្រឈមមុខ​នឹង​ជីវភាព​លំបាក​ក្នុង​គ្រួសារ និង​ការ​រើកញ្ជើ​ពី​កន្លែង​មួយ​ទៅ​កន្លែងមួយ កុមារ​លីនកុន​មិនសូវ​ជា​បាន​ចូលរៀន​នៅ​សាលា​ច្រើន​នឹង​គេ​ទេ ក៏ប៉ុន្តែ ជា​ក្មេង​ដែល​មាន​ការ​ចេះដឹង​ច្រើន តាមរយៈ​ការ​ខិតខំ​រៀនសូត្រ​ដោយ​ខ្លួនឯង។

នៅ​ឆ្នាំ​១៨៣០ គ្រួសារ​លីនកុន​ផ្លាស់​ទីលំនៅ​ទៅ​នៅ​ក្នុង​រដ្ឋ​ Illinois ហើយ​អាប្រាហាំ ​លីនកុន​​ បាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ រហូត​បាន​ជាប់ឆ្នោត​ជា​សមាជិក​សភា​​ក្នុង​​រដ្ឋ​ Illinois នៅ​ឆ្នាំ​១៨៣៤ នៅ​ក្នុង​វ័យ ២៥ឆ្នាំ។​ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ​ ​ដែល​​មាន​ចក្ខុវិស័យ​ចង់​ឃើញ​សហរដ្ឋ​អាមេរិកពង្រឹង​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​តាមរយៈ​វិស័យ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ជាជាង​​វិស័យ​កសិកម្ម។ ជា​អ្នក​នយោបាយ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​ទាសភាព ក៏ប៉ុន្តែ ក៏​មិន​ជំរុញ​ឲ្យធ្វើ​ច្បាប់​លុបបំបាត់​ទាសភាព នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​នោះដែរ។

នៅ​ឆ្នាំ​១៨៣៦ លោក​អាប្រាហាំ លីនកុន ដែល​មិន​ធ្លាប់​ចូល​សាលា​ច្បាប់​ផងនោះ បាន​ប្រឡង​ជាប់​ជាមេធាវី ហើយ​ក្រោយ​មក បាន​ចាប់អាជីព​ជា​មេធាវី (មេធាវី​ដែល​ល្បីឈ្មោះ​ថា​ស្មោះត្រង់​ជាមួយ​នឹង​កូនក្តី) មុននឹង​បាន​ជាប់ឆ្នោត​ជា​សមាជិក​នៃ​សភា​សហព័ន្ធ (House of Representatives) នៅ​ឆ្នាំ​១៨៤៦។ នៅ​ពេល​ផុត​អាណត្តិ នៅ​ឆ្នាំ​១៨៤៩ លោក​អាប្រាហាំ លីនកុន ដែល​បាន​​សន្យា​ពីដំបូង​​ថា​​នឹង​កាន់តំណែង​តែ​មួយ​អាណត្តិ ក៏​បាន​ឈប់​ពី​តំណាងរាស្រ្ត ហើយ​វិលត្រឡប់​ទៅ​រដ្ឋ Illinois របស់​លោក​វិញ។

ក៏ប៉ុន្ត មិនយូរ​ប៉ុន្មាន​ក្រោយ​មក ការ​តស៊ូ​មតិ​ជុំវិញ​រឿង​ទាសករ ដែល​បាន​ផ្ទុះឡើង​​កាន់តែ​ខ្លាំង ក៏​បាន​ទាញ​លោក​អាប្រាហាំ លីនកុន ឲ្យ​វិលត្រឡប់​ចូល​មក​ក្នុង​ឆាក​នយោបាយ​ថ្នាក់​ជាតិ​ជាថ្មី​​ម្តងទៀត។ លោក​បាន​ចាកចេញ​ពី​គណបក្ស​ចាស់​របស់​លោក ហើយ​ទៅ​ចូល​រួម​ក្នុង​គណបក្ស​ថ្មី​មួយ ដែល​ទើប​នឹង​បង្កើត​ថ្មី ហើយ​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ទាសភាព ​គឺ​គណបក្ស​សាធារណរដ្ឋ ហើយ​បាន​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​សហព័ន្ធ នៅ​ឆ្នាំ​១៨៥៨ ក៏ប៉ុន្តែ ត្រូវ​ទទួល​បរាជ័យ។

ក៏ប៉ុន្តែ បើទោះជា​យ៉ាងនេះ​ក៏ដោយ ​លោក​អាប្រាហាំ លីនកុន នៅតែ​បន្ត​សកម្មភាព​ប្រឆាំង​នឹង​ទាសភាព តាមរយៈ​ការ​ធ្វើ​សេចក្តីថ្លែងការណ៍ សុន្ទរកថា និង​ការ​ចូលរួម​ក្នុងការ​ជជែក​តស៊ូ​មតិ​ជា​សាធារណៈ។ បន្តិចម្តងៗ កេរ្តិ៍​ឈ្មោះ​របស់​លោក​អាប្រាហាំ លីនកុន កាន់តែ​ល្បី​រន្ទឺ​ឡើង នៅ​ទូទាំង​សហរដ្ឋ​អាមេរិក គឺ​ល្បី​ទាំង​គោលគំនិត​ប្រឆាំង​នឹង​ទាសភាព ល្បី​ទាំង​ទេពកោសល្យ​ក្នុង​ការ​និយាយ។

នៅ​ខែ​ឧសភា ឆ្នាំ​១៨៦០ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​គណបក្ស​សាធារណរដ្ឋ​ជ្រើសរើស​ជា​បេក្ខជន​ សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី។ ការ​បោះឆ្នោត ដែល​លោក​បាន​ទទួល​ជោគជ័យ​ ដោយ​យក​ឈ្នះ​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

នៅថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​១៨៦០ លោក​អាប្រាហាំ លីនកុន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ទី១៦ នៃ​សហរដ្ឋ​អាមេរិក និង​ជា​ប្រធានាធិបតី​ដំបូង​បង្អស់ ដែល​មក​ពី​គណបក្ស​សាធារណរដ្ឋ។ ក៏ប៉ុន្ត នៅ​មិនទាន់​បាន​ស្បថ​ចូល​កាន់តំណែង​ផង វិបត្តិ​នយោបាយ​និង​ធម្មនុញ្ញ​ដ៏​ធំ​មិន​ធ្លាប់មាន កំពុង​រង់ចាំ​លោក​អាប្រាហាំ លីនកុន​ រួចជាស្រេច។

រដ្ឋ​ប៉ែក​ខាងត្បូង ដែល​សម្បូរ​ទាសករ បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​​​ម្តងមួយៗ ​ទៅ​បង្កើត​ជា​រដ្ឋ​សហព័ន្ធ​ថ្មី ដាច់ចេញ​ពី​សហរដ្ឋ​អាមេរិក។ ​នៅ​ខែ​មេសា ឆ្នាំ​១៨៦១ លោក​អាប្រាហាំ លីនកុន ដែល​ទើប​នឹង​ចូល​កាន់តំណែង​បាន​ត្រឹមតែ​មួយខែ ហើយ​ដែល​​​ពីមុន​មក​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​អំណាច​នីតិប្រតិបត្តិ​ទាល់តែ​សោះ​ ត្រូវប្រឈមមុខ​នឹង​សង្រ្គាម​ដ៏​ធំមួយ​​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក គឺ​សង្រ្គាម​ស៊ីវិល​ រវាង​រដ្ឋ​អាមេរិក​គ្នាឯង។

នៅ​ឆ្នាំ​១៨៦៣ នៅ​ក្នុងពេល​ដែល​សង្រ្គាម​ស៊ីវិល​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោរសន្ធៅ លោក​អាប្រាហាំ លីនកុន បាន​ចេញក្រឹត្យ​មួយ ដោយ​សម្រេច​រំដោះ​ទាសករ​ទាំងអស់​ នៅ​ក្នុង​រដ្ឋ​ខាង​ត្បូង​ ឲ្យ​មាន​សេរីភាព។

ការ​រំដោះ​ទាសករ​ត្រូវ​ធ្វើឡើង​តែ​នៅ​ក្នុង​រដ្ឋ​ខាង​ត្បូង ដោយសារ​តែ​​លោក​អាប្រាហាំ លីនកុន មិនចង់​​ប៉ះពាល់​ទៅដល់​រដ្ឋ​មួយ​ចំនួន ដែល​សម្បូរ​ទាសករ​ដែរ ក៏ប៉ុន្តែ នៅ​ស្មោះស្ម័គ្រ​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ហើយ​មិន​បាន​ផ្តាច់ខ្លួន​ទៅ​ចុះចូល​ជាមួយ​រដ្ឋ​ខាង​ត្បូង។

ម្យ៉ាងទៀត លោក​អាប្រាហាំ លីនកុន បាន​ព្យាយាម​ពន្យល់​ដល់​បណ្តា​រដ្ឋ​ខាងជើង​ថា សេចក្តីសម្រេច​រំដោះទាសករ​នេះ គឺ​ធ្វើឡើងក្នុងគោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ឈ្នះ​សង្រ្គាម​លើ​រដ្ឋ​ខាង​ត្បូង ពីព្រោះ​ថា នៅពេលនោះ សេដ្ឋកិច្ច​របស់​បណ្តា​រដ្ឋ​ខាង​ត្បូង​ពឹងផ្អែក​ខ្លាំង​ទៅលើ​កម្លាំង​ទាសករ។ ដូច្នេះ បើ​គ្មាន​ទាសករ សេដ្ឋកិច្ច និង​កម្លាំង​ទ័ព​​របស់​ពួកគេ​ប្រាកដ​ជា​នឹង​ត្រូវ​ធ្លាក់​ចុះ​ទន់ខ្សោយ។

ក្រៅពីការ​សម្រេច​រំដោះទាសករ លោក​អាប្រាហាំ លីនកុន ក៏​បាន​អនុញ្ញាត​ផងដែរ​ឲ្យ​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​អាច​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព។ ប្រជាជន​ស្បែក​ខ្មៅ​ក៏​បាន​នាំគ្នា​ពពាក់ពពូន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព​សហរដ្ឋ​អាមេរិក ដើម្បី​ប្រយុទ្ធ​តទល់​នឹង​រដ្ឋ​ខាង​ត្បូង ដោយ​ពួកគេ​​​យល់ថា​ នេះ​គឺ​​ជា​សង្រ្គាម ដើម្បី​រំដោះ​ជនជាតិ​ស្បែក​ខ្មៅ​ពី​ទាសភាព។
ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​១៨៦៣ កងទ័ព​រដ្ឋ​ខាង​ជើង​បានយកជ័យជម្នះ​លើ​រដ្ឋ​ខាង​ត្បូង នៅ​តាម​សមរភូមិ​ធំៗ​ជាច្រើន។ នៅ​ក្នុង​អំឡុង​ពេលនោះ លោក​អាប្រាហាំ លីនកុន ចង់​ជំរុញ​ឲ្យ​ការ​លុបបំបាត់​ទាសភាព​ ដែល​គ្រាន់តែ​ជា​ក្រឹត្យ​របស់​ប្រធានាធិបតី ក្លាយ​ទៅជា​គោលការណ៍ ដែល​មាន​តម្លៃ​ជា​ច្បាប់​ធម្មនុញ្ញ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​សភា​​អាមេរិក​រៀបចំ​ធ្វើ​ច្បាប់ ដើម្បី​បញ្ចូល​ការ​លុបបំបាត់​ទាសភាព ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ ការ​ប៉ុនប៉ង​អនុម័ត​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​ទទួលបរាជ័យ​ជាច្រើន​លើក ដោយសារ​តែ​មាន​ការ​ជំទាស់​ពី​សំណាក់​គណបក្ស​ប្រជាធិបតេយ្យ។ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដើម្បី​លុបបំបាត់​ទាសភាព បាន​ក្លាយ​ជា​គោលនយោបាយ​ចម្បងមួយ​របស់​លោក​អាប្រាហាំ លីនកុន និង​គណបក្ស​សាធារណរដ្ឋ​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី នៅ​ឆ្នាំ​១៨៦៤។ លោក​អាប្រាហាំ លីនកុន បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ សម្រាប់​អាណត្តិ​ទី២ ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​១៨៦៤ ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​សភា​សហព័ន្ធ​អនុម័ត រួចហើយ​បញ្ជូន​ទៅ​​ឲ្យ​សភា​នៃ​បណ្តា​រដ្ឋ​សមាជិក​ផ្តល់​សច្ចាប័ន។ វិសោធនកម្ម​នេះ​​បាន​ចូល​ជាធរមាន នៅ​ខែ​ធ្នូ ឆ្នាំ​១៨៦៥ ក្រោយ​ពី​ទទួល​សច្ចាប័ន​ពី​សំណាក់​រដ្ឋ​​ចំនួន ៣ភាគ៤។ ​ក៏ប៉ុន្តែ លោក​អាប្រាហាំ លីនកុន មិន​បាន​​ឃើញ​​ការ​​ចូល​ជាធរមាន​​នៃ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​ទេ។

កាលពី​ថ្ងៃ​ទី១៤ ខែ​មេសា ឆ្នាំ​១៨៦៥ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​កងទ័ព​រដ្ឋ​ខាង​ត្បូង​ត្រូវ​ទទួលបរាជ័យ និង​ប្រកាស​ចុះចាញ់​សង្រ្គាម លោក​អាប្រាហាំ លីនកុន​ ត្រូវ​បាន​អ្នកគាំទ្រ​រដ្ឋខាងត្បូង​ម្នាក់​លប​ធ្វើ​ឃាត នៅ​ក្នុង​ពេល​ដែល​លោក​កំពុង​អង្គុយ​មើល​ល្ខោន នៅ​ក្នុង​រោងល្ខោន​មួយ ក្នុង​រដ្ឋធានី​វ៉ាស៊ីងតោន។

លោក​អាប្រាហាំ លីនកុន បាន​ទទួល​មរណភាព ដោយ​បន្សល់​ទុក​នូវ​កេរ្តិ៍​ឈ្មោះ​ជា​ប្រធានាធិបតី ដែល​បានដឹកនាំ​សហរដ្ឋ​អាមេរិក​​ឆ្លងកាត់​សង្រ្គាម​ផ្ទៃក្នុង​​ហែកហួរ​គ្នា​​មិនធ្លាប់មាន ក៏ប៉ុន្តែ រក្សា​បាន​នូវ​បូរណភាព​ទឹកដី និង​ការ​រួបរួម​​គ្នា​​ឡើងវិញ​នៃរដ្ឋ​សហព័ន្ធ។ ជា​ប្រធានាធិបតី ដែល​បាន​រំដោះ​ទាសករ​ស្បែក​ខ្មៅ​ឲ្យ​មាន​សេរីភាព ស្រប​ទៅតាម​សេចក្តីប្រកាស​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក ដែល​ចែង​ថា “​មនុស្ស​កើតមក​​មាន​សិទ្ធិសេរីភាព​ស្មើៗ​គ្នា។ កាន់អំណាច​​ត្រឹមតែ​មួយ​អាណត្តិ ដែល​មាន ៤ឆ្នាំ ប៉ុន្តែ លោក​អាប្រាហាំ លីនកុន ត្រូវ​បាន​​អ្នកប្រវត្តិសាស្រ្ត​អាមេរិក​​ចាត់ទុក​ជា​ប្រធានាធិបតី​ដ៏​ល្អ​បំផុត ដែល​អាមេរិក​មិន​ធ្លាប់មាន ចាប់តាំង​ពី​ទទួល​ឯករាជ្យ រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន៕

(ដកស្រង់ចេញពីគេហទំព័រវិទ្យុបារាំងអន្តរជាតិជាខេមរភាសា http://www.khmer.rfi.fr/abraham-lincoln-president-who-ends-slavery-in-america)

Saturday, January 25, 2014

ជីវប្រវត្តិរបស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា


1.​    ​ជីវ​ប្រវត្តិ​
        - លោក ហ៊ុន សែន កើត​នៅ​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ១៩៥២ (​ផ្លូវការ ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​១៩៥១)
        - ទីកន្លែង​កំណើត​នៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ប្រទេស​កម្ពុជា​។
    - នៅ​ឆ្នាំ​១៩៧៦ លោក ហ៊ុន សែន បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ លោកស្រី ប៊ុន រ៉ានី មានកូន​ប្រុស​បីនាក់ និង​កូនស្រី​បីនាក់ ក្នុងនោះ កូនស្រី​ម្នាក់​ជា​កូនចិញ្ចឹម (​ហ៊ុន ម៉ា​ណែ​ត​, ហ៊ុន ម៉ា​ណា​, ហ៊ុន ម៉ា​នី​ត​, ហ៊ុន ម៉ា​នី​, ហ៊ុន ម៉ាលី​, និង ហ៊ុន ម៉ាលី​ស​)​។​
2.​    ​ការសិក្សា​
      - ​ហ៊ុន សែន បញ្ចប់​បឋមសិក្សា នៅ​ស្រុកកំណើត​នៅ​ឆ្នាំ​១៩៦៥ ហើយ​មក​រស់នៅ​រាជធានី​ភ្នំពេញ​ដោយ​ស្នាក់នៅ​វត្ត​នាគ​វ័ន និង​សិក្សា​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី ថ្នាក់​អនុវិទ្យាល័យ​។​
      - នៅ​ឆ្នាំ​១៩៩១ ទទួលបាន​បរិញ្ញាបត្រ​ផ្នែក​នយោបាយ​ពី Cambodian Tertiary Education និង​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​ពី National Political Academy នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​
3.​    ​មុន​ឆ្នាំ​១៩៧៩
         - នៅ​ឆ្នាំ​១៩៧០ ក្នុង​អាយុ ១៨​ឆ្នាំ លោក ហ៊ុន សែន បាន​ចូលរួម​ក្នុង​ចលនា​តស៊ូ ប្រឆាំង​នឹង​ពួក​ចក្រពត្តិនិយម ដើម្បី​រំដោះ​កម្ពុជា ពី​ភ្លើងសង្គ្រាម ក្រោម​ការអំពាវនាវរ​បស់​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម​សីហនុ​។​
         - ​មុន​ថ្ងៃ​ទទួល​ជ័យជំនះ ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ គឺ​ថ្ងៃ​ទី​១៦ ខែ​មេសា លោក ហ៊ុន សែន បានរ​បួស​ភ្នែក​ខាងឆ្វេង​។​
         - ​នៅ​ឆ្នាំ​១៩៧៧ លោក ហ៊ុន សែន បាន​ចាកចេញ​ពី​គ្រួសារ និង​ដឹក​នា​ចលនា​រំដោះ​ប្រទេស​
      - ​នៅ​ឆ្នាំ​១៩៧៨ លោក ហ៊ុន សែន បាន​ក្លាយជា​ស្ថាបនិក​មួយ​រូប នៃ​ចលនា​សង្គ្រោះ​ជាតិ​កម្ពុជា ហៅថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ចលនា​ជាច្រើន និង​ការគាំទ្រ​ដោយ​កម្លាំង​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​។ ចលនា​នេះ បាន​ជួយ​រំដោះ​ប្រទេស និង​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យ​ពូជសាសន៍​ប្រជាធិបតេយ្យ​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។
4.​    ​ក្រោយ​ឆ្នាំ​១៩៧៩
        - ​នៅ​ឆ្នាំ​១៩៧៩ លោក ហ៊ុន សែន កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​។​
        - ​នៅ​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៥ លោក ហ៊ុន សែន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​។​
        - ​ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ​១៩៨៥ និង​ពី​ឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៩១ លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការបរទេស​។​
       - ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១ លោក ហ៊ុន សែន គឺជា​តំណាង​ហត្ថលេខី​ដ៏​សំខាន់​មួយ​រូប​ក្នុង​ដំណើរការ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នេះ គឺ​ការបោះឆ្នោត​សកល និង​ដោយ​សេរី​មួយ ដែល​បាន​ធ្វើឡើង​ជា​លើកដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩៣​។​
      - ពី​ឆ្នាំ​១៩៩៣-១៩៩៨ លោក ហ៊ុន សែន បាន​កាន់​តួនាទី​ជា​សហនាយករដ្ឋមន្ត្រី (​នាយករដ្ឋមន្ត្រី​ទី​២) ក្នុង​រដ្ឋាភិបាលចម្រុះ​នីតិកាល​ទី​១ នៃ​រដ្ឋសភាជាតិ​។​
     - ​ការបោះឆ្នោត​ជា​សកល​នៅ​ឆ្នាំ​១៩៩៨ លោក ហ៊ុន សែន បាន​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​លោក ជា​អនុប្រធាន រហូត​ទទួលបាន​ជោគជ័យ ហើយ​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​រដ្ឋាភិបាល​ចម្រុះ នីតិកាល​ទី​២ នៃ​រដ្ឋសភាជាតិ ដែល​មាន​គណបក្ស​ធំៗ​ពីរ​គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច​។ ប្រទេស​កម្ពុជា​បាន​ក្លាយជា សមាជិក​ទី​១០​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​។​
    - ​នៅ​ឆ្នាំ​២០០៣ លោក ហ៊ុន សែន ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ឈ្នះឆ្នោត​នៅ​ខែ​កក្កដា​។​
   -​  ក្រោយពី​មាន​ការជាប់គាំង​ខាង​នយោបាយ​អស់​រយៈពេល​ជា​ច្រើន​ខែ លោក ហ៊ុន សែន បាន​ទទួល​ជោគជ័យ​ក្នុង​ការ បង្កើតរដ្ឋា ភិបាលចម្រុះ​ជាមួយនឹង​គណបក្ស​ហ្វ៊ុនស៊ីនប៉ិច នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៤ ហើយ​ក្លាយជា​នាយក​រដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
   - នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០០៨ ក្រោយពី​ទទួលបាន​ជ័យជំនះ​ក្នុង​ការបោះឆ្នោត​ជា​សកល ២៧​កក្កដា ឆ្នាំ​២០០៨ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​បាន​៩០​អាសនៈ​ក្នុង​១២៣​អាសនៈ​ក្នុង​សភាជាតិ លោក ហ៊ុន សែន បាន​ឡើង​កាន់ដំណែង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​នីតិកាល​ទី​៤ នៃ​រដ្ឋសភា​ជាតិ​សំរាប់​ដំណាក់កាល​ប្រាំ​ឆ្នាំ (២០០៨-​២០​១៣)​។​
5.​    ​បច្ចុប្បន្ន​
    - ​ កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣ ក្នុង​សម័យប្រជុំ​សភា​លើកដំបូង ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហ​មុនី បាន​តែងតែ លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​រដ្ឋាភិបាល​ជា​ថ្មី​។​

    - ​​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​មាន​តួនាទី​ជា​នាយ​ឧត្តមសេនីយ៍ ផ្កាយ​៥​ផុត​លេខ ហ៊ុន សែន​
         (ដកស្រង់ចេញពីគេហទំព័រសំលេងប្រជាធិបតេយ្យ VOD ចេញផ្សាយ ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014)